ប្រវត្តិទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការដ្ឋាន

សេចក្ដីផ្ដើម

ចាប់ផ្ដើមពីអនុសញ្ញាយោធាបារាំង ខ្មែរ នាថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៤៦ ដែលអនុសញ្ញានេះបានបញ្ជាក់ថាប្រទេសកម្ពុជាត្រូវមានកម្លាំងយោធាដែលសុទ្ធតែជាខ្មែរ។ ចាប់ពីពេលនោះមកក៏បានដំណើរការ ផ្ទេរសមត្ថកិច្ចយោធារវាង ប្រទេសបារាំង និងប្រទេសកម្ពុជា សម័យកាលនោះព្រះបាទសម្ដេច ព្រះនរោត្តម សីហនុទ្រង់ជាអគ្គមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ ហើយទ្រង់ បានបំពេញព្រះរាជបូជនីយកិច្ច ដឹកនាំកសាងកងកម្លាំងប្រដាប់អាវុធ និងទាមទារឯករាជ្យជាតិ ពីអាណានិគមន៍និយមបារាំងឈ្លានពានត្រួតត្រាប្រទេសកម្ពុជារហូតដណ្ដើមបានឯករាជ្យជាតិ នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងជាថ្ងៃកំណើតដ៏ពិតប្រាកដ នៃកងយោធពលខេមរភូមិន្ទ តាំងពីពេលនោះមក ហើយក៏ជាពេលវេលាដែលកងកម្លាំងបារាំងសេសចាកចេញពីប្រទេសកម្ពុជាយើង ។

ការងារហ្វឹកហ្វឺន គឺជាវិស័យមួយមានសារៈសំខាន់បំផុត ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដល់យោធិន នៃកងយោធពលខេមរភូមិន្ទ ដើម្បីបុព្វហេតុដ៏ឧត្ដុងឧត្ដម ក្នុងកិច្ចការពារជាតិមាតុភូមិនៃព្រះរាជាណាចក្រកម្ពុជា។ ហ្វឹកហ្វឺនជាភារកិច្ចស្នូលត្រូវបានដំណើការក្នុងគ្រប់សម័យកាលទាំងក្នុងពេលសន្តិភាព និងក្នុងពេលមានសង្រ្គាម។ ការកសាងកងទ័ពរឹងមាំទៅបាននោះគឺអាស្រ័យដោយមានការហ្វឹកហ្វឺនយ៉ាងស្ទាត់ជំនាញ អំពីសីលវិធីយោធា បច្ចេកទេសវិទ្យាសាស្រ្ត និងការអប់រំចិត្តសាស្រ្ត ។

អនុលោមតាមសេចក្ដីណែនាំ របស់ក្រសួងការពារជាតិ លេខ ០០២/២០១៣ ស.ណ.ន ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣ ស្ដីពីកិច្ចដំណើរការការងារប្រវត្តិសាស្រ្តយោធា ក្រុមការងាររបស់ទីចាត់ការហ្វឹកហ្វឺនត្រូវបានបង្កើតឡើង ដើម្បីធ្វើការចងក្រងប្រវត្តិសាស្រ្តការងារហ្វឹកហ្វឺនដែលបានដំណើរការ ចាប់ពីពេលបង្កើតកងយោធពលខេមរភូមិន្ទ រហូតមកដល់បច្ចុប្បន្ន ។ ប្រវត្តិសាស្រ្តការងារហ្វឹកហ្វឺនយោធា គឺជាបទពិសោធន៍ដែលបានឆ្លងកាត់ ពីរបបសង្គមមួយទៅមួយមានទាក់ទងទៅនឹងព្រឹត្តិការណ៍ជាតិសំខាន់ៗ ការរៀបចំរចនាសម្ព័ន្ធឋានានុក្រមហ្វឹកហ្វឺន ការចាត់តាំងបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនដល់នាយទាហាន នាយទាហានរង ពលទាហាន និងបង្ហាញសមាសភាពថ្នាក់ដឹកនាំ នៃស្ថាប័នទទួលបន្ទុកការងារហ្វឹកហ្វឺន ។

ផ្នែកទី ១
ព្រឹត្តិការណ៍ជាតិសំខាន់ៗ

ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺជាប្រវត្តិសាស្រ្តដ៏ធំធេងរបស់ព្រះរាជាណាចក្រកម្ពុជា ដណ្ដើមបានឯករាជ្យពេញបរិបូរណ៍ពីនឹមត្រួតត្រារបស់អាណានិគមន៍និយមបារាំង(១) ដោយសន្តិវិធី (គ្មានបង្ហូរឈាម) ។ ជោគជ័យដែលទទួលបានដ៏មហិមានេះកើតឡើងដោយចលនាទាមទារបស់កងទ័ព និងប្រជានុរាស្រ្តគ្រប់ស្រទាប់ជាន់ថ្នាក់ក្នុងការតស៊ូ រើបំរះដណ្ដើមបានជ័យជំនះរបស់ខ្លួនក្រោមព្រះរាជបូជនីយកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សី ហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា(២) ដែលពេលនោះប្រជាពលរដ្ឋខ្មែរមានសេចក្ដីត្រេកអរពេញចិត្តថ្វាយបរមងារចំពោះព្រះអង្គជា “ព្រះបិតាសន្ដិភាព” ។

រដ្ឋប្រហារយោធា ថ្ងៃទី ១៨ ខែមីនា ឆ្នាំ១៩៧០ បានធ្វើឱ្យមានការប្រែប្រួលសន្តិភាព ដែលកម្ពុជាបានធ្លាក់ចូលក្នុងព្រឹត្តិការណ៍នៃវិបត្ដិនយោបាយយ៉ាងធ្ងន់ធ្ងរនាំទៅដល់សង្គ្រាមផ្ទៃក្នុងបានផ្ទុះឡើងនៅទូទាំងប្រទេស គូរបក្ខដិបក្ខខ្មែរបែងចែកជាច្រើនក្រុម និងសុទ្ឋតែមានកម្លាំងផ្សេងៗរៀងខ្លួនអំពើសាហាវឃោឃៅបានលន់ឮយ៉ាងទ្រហ៊ឹងដោយស្នូរសម្លេងអាវុធគ្រប់ប្រភេទជារៀងរាល់ថ្ងៃបានសម្លាប់អាយុជីវិតមនុស្ស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ឥទ្ឋិពលសង្គ្រាមបានអូសបន្លាយពេលជិតបី ទសវត្សរ៍ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរជាច្រើនរងទុក្ខវេទនា និងទទួលនូវផលវិបាកដោយសារវិនាសកម្ម នៃសង្គ្រាមស៊ីវិលក្នុងរបបសាធារណៈរដ្ឋខ្មែរដោយមានអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកជួយគាំទ្រឧបត្ថម្ភយុទ្ធោបករណ៍សង្គ្រាម។

នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ គឺជាថ្ងៃជ័យជំនៈលើចក្រពត្តិអាមេរិកប្រជាជនកម្ពុជាគ្រប់រូបមានសេចក្ដីត្រេកអរជាអនេកដោយសង្ឃឹមថាប្រទេសជាតិបានសុខសន្តិភាពឡើងវិញ។ ប៉ុន្តែផ្ទុយស្រឡះទៅវិញ ប្រទេសជាតិបែជាធ្លាក់ចូលកាន់តែជ្រៅនៅក្នុងរបបកម្ពុជាប្រជាធិបតយ្យបង្កគ្រោះកំណាច ប្រល័យពូជសាសន៍ឃោឃៅព្រៃផ្សៃយង់ឃ្នង គ្រាន់តែរំដោះភ្លាមក៏ចាប់ផ្ដើមយ៉ាងទាន់ហន់ធ្វើការជម្លាស់ប្រជាជនចេញពីទីក្រុង ប្រើប្រាស់កលល្បិចប្រម៉ែប្រមូលមន្ត្រីរាជការនិងទាហានតាមរូបភាព ឱ្យបង្ហាញខ្លួន អង្គការឱ្យទៅរៀនសូត្រដើម្បីចូលធ្វើការវិញ ហើយបែជាយកទៅធ្វើទារុណកម្ម និងកាប់សម្លាប់គ្មានមនុស្សធម៌។ ប្រជាជនកម្ពុជាគ្រប់រូបត្រូវពួកវាប្រើប្រាស់ដូចសត្វធាតុទទួលរងទុក្ខវេទនាខ្លោចផ្សារ អស់រយៈកាល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ សង្គមជាតិត្រូវវិនាសអន្ដរាយអាយុជីវិត និងទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋត្រូវបំផ្លិចបំផ្លាញខ្ទេចខ្ទី អត្ដសញ្ញាណជាតិ និងព្រលឹងជាតិស្ទើរលាយសាបសូន្យ ។

ជ័យជំនះ ថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៧៩ បានរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាឱ្យរួចចាកផុត ពីគ្រោះកំណាចអប្រីយ៍ប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យហើយបានបង្កើតឡើងសាធារណៈរដ្ឋប្រជាមានិតកម្ពុជា គឺជាពន្លឺថ្មីនៃការចាប់ផ្ដើមពីបាតដៃទទេ ដោយធ្វើការប្រម៉ែប្រមូលធនធានមនុស្ស និស្សិត បញ្ញាវ័ន្តដែលនៅសេសសល់ និងប្រជាពលរដ្ឋរួបរួមពួតដៃគ្នាដឹកនាំកសាង ប្រទេសជាតិធ្វើឱ្យមានការរីកចម្រើន លើគ្រប់វិស័យ ។ ស្ថានភាពក្រោយថ្ងៃរំដោះប្រទេសកម្ពុជាត្រូវបានទទួលរងនូវការបំផ្លិចបំផ្លាញខ្ទេចខ្ទីគ្មានបន្សល់ទុកនូវមរតកអ្វីឡើយគឺធ្លាក់ដល់លេខសូន្យ ។ ប្រជាជនកម្ពុជាទូទាំងប្រទេសបាននឹកឃើញ និងចងចាំជានិច្ចចំពោះកងទ័ពស្ម័គ្រចិត្តវៀតណាម រួមសហការជាមួយកងកម្លាំងរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានបង្កើតឡើងនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ១៩៧៨ នៅស្រុកស្នួលខេត្តក្រចេះ ហើយបានជួយធ្វើការហ្វឹកហ្វឺន ដល់កងទ័ពប្រជាជនបដិវត្តន៍កម្ពុជា មានសមត្ថភាពការពារ រារាំងទប់ស្កាត់មិនឱ្យរបបកំណាចខ្មែរក្រហមវិលត្រឡប់មកវិញបានឡើយ ។

ដោយមើលឃើញថាការធ្វើសង្រ្គាមរវាងខ្មែរ និងខ្មែរដែលបានអូសបន្លាយជាច្រើនទសវត្សរ៍មកហើយមិនអាចបញ្ចប់បាន មិនអាចឱ្យឯកភាពជាតិ ឯកភាពទឹកដីបាន ទើបនៅនាំ១៩៨៧ សាធារណៈប្រជាមានិតកម្ពុជា បានប្រកាសគោលនយោបាយបង្រួបបង្រួមជាតិ ហើយតាមរយៈនេះជំនួបចរចារស្វែងរកសន្ដិភាពបានចាប់ផ្ដើមដំបូង នៅថ្ងៃទី ០២ ខែធ្នូនាំ១៩៨៧ នៅហ្វែអង់តែឌឺណ័រ ប្រទេសបារាំង រវាងឯកឧត្ដម ហ៊ុន សែន និង សម្ដេច ព្រះនរោត្ដម សីហនុ ហើយជាច្រើនលើកច្រើនសារមកទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិបញ្ចប់សង្គ្រាមនៅកម្ពុជា សំដៅស្វែងរកសន្ដិភាព និងដោយមានអន្ដរាគមន៍យ៉ាងពេញទំហឹងពីសំណាក់អង្គការសហប្រជាជាតិ និងសហគមន៍អន្ដរជាតិ ទើបបង្កើតបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ដែលបានត្រួសត្រាយផ្លូវឱ្យខ្មែរទាំងអស់ យល់ព្រមឈប់បាញ់គ្នាហើយចូលរួមក្នុងការបោះឆ្នោតជាសកលដោយសេរី ដែលរៀបចំឡើងដោយ អ៊ុនតាក់ (UNTAC) នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ១៩៩៣ លើកលែងតែភាគីខ្មែរក្រហមដែលជាភាគីហត្ថលេខីមួយបានធ្វើពហិកាមិនព្រមចូលរួមឡើយ ពួកគេនៅតែបន្ដកាន់កាប់ទឹកដីនៅតំបន់មួយចំនួន ជាពិសេសនៅតាមព្រំដែនទិសពាយព្យ និងទិសឧត្ដរបង្កអូសបន្លាយធ្វើសង្គ្រាមតទៅទៀត ។

ទោះស្ថិតនៅក្នុងស្ថានភាពយ៉ាងដូច្នេះក្ដី ភាគីទាំង៣ បានចូលរួមបោះឆ្នោត បង្កើតបានរដ្ឋធម្មនុញ្ញថ្មី បង្កើតបានស្ថាប័នព្រះមហាក្សត្រ និងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាហើយក៏ជាដំណាក់កាល នៃការកសាង កងយោធពលខេមរភូមិន្ទឡើងវិញផងដែរ ។ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ទ្រង់ឡើងគ្រងរាជសម្បត្ដិសារជាថ្មី ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ១៩៩៣

បន្តមកទៀតនៅឆ្នាំ១៩៩៨ ការដាក់ចេញនូវគោលនយោបាយសម្បទាន និងធម៌ខន្តីរបស់រាជរដ្ឋាភិបាល បានបើកផ្លូវគ្រប់យ៉ាងដល់ការអនុវត្តន៍បញ្ចប់សង្គ្រាមដែលក្នុងនោះគន្លឹះធំបំផុតគឺផ្ដល់ក្ដីសង្ឃឹម និងការធ្វើឱ្យមនុស្សមានគោលដៅក្នុងការរស់នៅ ហើយមានការពិចារណាមានហេតុផលច្បាស់លាស់ ដើម្បីធ្វើសកម្មភាពខុសពីភាពទល់ច្រក និងប្រកាន់យកជំហរប្ដូរផ្ដាច់ទៅរកភាពយុត្តិធម៌ ដែលជាមូលហេតុ នៃទស្សនៈវិជ្ជាសន្តិភាព នាំឱ្យខ្មែរក្រហមធ្វើសមាហរណកម្មចូលក្នុងសង្គមជាតិ ធ្វើឱ្យអង្គការចាត់តាំងនយោបាយយោធាខ្មែរក្រហមត្រូវរលំរលាយ ។ កម្ពុជាទទួលបាន សន្តិភាពពេញលេញ ឯកភាពជាតិ និងអភិវឌ្ឍន៍ ប្រទេសប្រកបដោយចិរភាព ។ សមិទ្ធផលដ៏អស្ចារ្យនេះកើតចេញពីគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា(៣) ។

ការតស៊ូរបស់កងយោធពលខេមរភូមិន្ទ ពីដំណាក់កាលមួយទៅដំណាក់កាលមួយដែលបានឆ្លងកាត់ភាពស្មុកស្មាញលំបាកគ្រប់បែបយ៉ាង និងឆ្លងកាត់ពីអន្តរកាលមួយទៅមួយ ពីរបបមួយទៅមួយ និងការបតបែនគ្រប់សភាពការណ៍ទាំងក្នុងពេលសន្តិភាពនិងសង្រ្គាមធ្វើឱ្យកងយោធពលខេមរភូមិន្ទ មានបទពិសោធន៍ជាច្រើនទាំងការបាត់បង់ និងជោគជ័យរបស់ខ្លួន។ កត្តាទាំងអស់នេះបានផ្ដល់ឱ្យយើងនូវមេរៀនដ៏សំបូរបែប សម្រាប់ការងារបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ ស្របតាមក្របខ័ណ្ឌចាត់តាំងគ្រឿងបំពាក់របស់កងទ័ព ជាក់ស្ដែងការងារហ្វឹកហ្វឺនបានរៀបចំជាបណ្ដើរៗឈានឡើងជាលំដាប់ មានន័យថា ពីភាពអន់ថយទៅជឿនលឿន ពីបូរាណទៅសម័យ ពីតូចទៅធំ ពីតិចទៅច្រើន ពីសង្រ្គាមឈ្លបទៅការពារជាតិ ។ ការហ្វឹកហ្វឺនត្រូវបានដំណើរការទាំងក្នុងពេលសន្តិភាព និងក្នុងពេលសង្រ្គាម។ក្នុងពេលសន្តិភាពហ្វឹកហ្វឺនគឺជាភារកិច្ចស្នូល និងជាប្រក្រតីរបស់បណ្ដាកងឯកភាពដោយមេបញ្ជាការដឹកនាំបញ្ជាចាត់តាំងអនុវត្តហ្វឹកហ្វឺនតាមការណែនាំរបស់ថ្នាក់លើ ឬម្ចាស់ការនៅហ្នឹងកន្លែងដោយស្មារតីទទួលខុសត្រូវ និងការច្នៃប្រឌិតសមស្រប ។ ទន្ទឹមនឹងនោះការហ្វឹកហ្វឺននៅតាមបណ្ដាសាលា គឺជាសកម្មភាពស្នូលដែលមានសារៈសំខាន់ទាំងផ្នែកទ្រឹស្ដី និងការអនុវត្តន៍ជាក់ស្ដែង ហើយលទ្ធផលការងារហ្វឹកហ្វឺនបានបង្ហាញអំពី ចំណេះដឹងកម្រិតណាមួយដល់យោធិនចូលរួមគ្រប់គ្នាដែលជាទុនធ្វើឱ្យយោធិនយកទៅអនុវត្ត និងទេពកោសល្យច្នៃប្រឌិតរបស់បុគ្គលម្នាក់ៗទៅនឹងសភាពការណ៍ជាក់ស្ដែងក្នុងពេលបំពេញភារកិច្ចជូនជាតិមាតុភូមិ ។

 

ផ្នែកទី ២
ឋានានុក្រមរដ្ឋបាលការងារហ្វឹកហ្វឺន និងការគ្រប់គ្រង

 

ការរៀបចំរចនាសម្ព័ន្ធរដ្ឋបាល ឋានានុក្រមការងារហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ តាមសម័យកាលនីមួយៗមានដូចខាងក្រោម៖

២.១ សម័យឯករាជ្យ (១៩៥៣-១៩៧០)

ជំនាញទទួលបន្ទុកការងារហ្វឹកហ្វឺន ត្រូវបានរៀបចំនៅក្នុងក្របខ័ណ្ឌនៃរចនាសម្ព័ន្ធចាត់តាំងរបស់អគ្គសេនាធិការកងយោធពលខេមរភូមិន្ទ ពេលនោះមានបណ្ឌិតសភាយោធា មួយធ្វើការបណ្ដុះបណ្ដាលនាយទាហានជាន់ខ្ពស់ សាលាខេមរយោធិនធ្វើការបណ្ដុះបណ្ដាល  នាយទាហានសកម្ម  និងសាលាក្របខ័ណ្ឌ “ថ្មពេជ្រ” សម្រាប់បណ្ដុះបណ្ដាលនាយទាហានរង។ គួរំលឹកឡើងវិញផងដែរថាការបង្កើតសាលាយោធាខ្មែរដំបូងគេបង្អស់នៅថ្ងៃទី ០១  ខែមករា  ឆ្នាំ១៩៤៦   គឺសាលាខេមរយោធិន មានទីតាំងនៅ វិទ្យាល័យប៉ាវី រាជធានីភ្នំពេញ ក្នុងសម័យកាលអានានិគមន៍និយមបារាំងត្រួតត្រា ។  ក្រោយមកបារាំងបានប្រគល់សាលានេះ ឱ្យមករដ្ឋាភិបាលខ្មែរដើម្បីធ្វើការបណ្ដុះបណ្ដាលនាយទាហាន ស្របតាមសភាពការណ៍យោធា នយោបាយសេដ្ឋកិច្ចសង្គមនាសម័យកាលនោះ ។

២.២ សម័យសង្គ្រាមស៊ីវិល (១៩៧០-១៩៩៣)

នៅពេលដែលប្រទេសកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល កងយោធពលខេមរភូមិន្ទត្រូវបានបែកខ្ញែកម្ខាងនៅក្នុងសាធារណៈរដ្ឋខ្មែរគាំទ្រដោយសហរដ្ឋអាមេរិក ហើយម្ខាងទៀតនៅក្នុងចលនាតស៊ូ  នៃរណៈសិរ្សរំដោះជាតិ (ខ្មែរក្រហម) តាមការអំពាវនាវ សម្ដេចព្រះនរោត្តម សីហនុ ថ្ងៃទី ២៣  ខែមីនា ឆ្នាំ១៩៧០ ដល់ប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ព្រះអង្គ ចូលព្រៃម៉ាគី ។  រីឯការចាត់តាំងហ្វឹកហ្វឺនក្នុងពេលនោះមានលក្ខណៈខុសគ្នាគឺនៅក្នុងជួរទាហាន នៃសាធារណៈរដ្ឋខ្មែរ  បានធ្វើការហ្វឹកហ្វឺនមានលក្ខណៈទាន់សម័យ ប្រើប្រាស់សម្ភារៈសំបូរបែប ក្រៅពីយុទ្ធោបករណ៍ថ្មើរជើង មានគាំទ្រដោយយន្តហោះប្រយុទ្ធ និងទម្លាក់គ្រាប់ បែកបេ៥២  កាំភ្លើងធំបាញ់ផ្លោងរថក្រោះ-រថពាសដែក  របៀបវាយជាទ្រង់ទ្រាយ។  ចំពោះការចាត់តាំងហ្វឹកហ្វឺនក្នុងជួរកងទ័ពរណៈសិរ្សរំដោះជាតិអនុវត្ត តាមរបៀបសង្គ្រាមប្រជាជន(សង្គ្រាមឈ្លប) យកតូចវាយធំ គ្រប់គ្រងជនបទហ៊ុំព័ន្ធវាយទីក្រុង ។

នៅអំឡុងឆ្នាំ ១៩៧៥-១៩៧៩ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ការចាត់តាំងហ្វឹកហ្វឺនគ្មានការរៀបចំបានជាក់លាក់ឡើយ ជាទូទៅគ្មានសាលា ឬទីតាំងសម្រាប់ហ្វឹកហ្វឺន ហើយមានតែការណែនាំឱ្យធ្វើតាមៗគ្នាដោយប្រមូលផ្ដុំប្រជុំរៀនសូត្រ ឬបង្ហាញនៅលើភូមិសាស្រ្តខ្លះៗប៉ុណ្ណោះ ។ ចាប់ពីឆ្នាំ១៩៧៩ – ១៩៩៣ កងកម្លាំងយោធាខ្មែរ បានលិចចេញមានច្រើនបក្ខដិបក្ខដូចជា  កងទ័ពប្រជាជនបដិវវត្តន៍កម្ពុជា កងទ័ពជាតិកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) កងទ័ពជាតិកម្ពុជាឯករាជ្យ កងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ ។ល។ ទោះបីកងកម្លាំងមានច្រើនបក្ខតមែន ប៉ុន្តែការចាត់តាំងហ្វឹកហ្វឺនយើងឃើញថា មានតែកងទ័ពប្រជាជនបដិវត្តន៍កម្ពុជាដែលគ្រប់គ្រងទឹកដី បានធ្វើការរៀបចំឋានានុក្រមហ្វឹកហ្វឺន មានលក្ខណៈច្បាស់លាស់តាមរបៀបកងទ័ពរៀបរយមានទីតាំង និងតួនាទីជាក់ស្ដែងគឺ៖

ក. ឋានានុក្រមហ្វឹកហ្វឺន

ថ្នាក់ក្រសួងការពារប្រទេស និងអគ្គសេនាធិការ មានស្ថាប័នទទួលបន្ទុកការងារហ្វឹកហ្វឺន ជាសេនាធិការ ឱ្យរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងប្រធានអគ្គសេនាធិការ លើវិស័យការងារបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណភាពស្របតាមភារកិច្ចការពារជាតិ ការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិដើម្បីធ្វើឱ្យកងទ័ពមានភាពរឹងមាំ ជឿនលឿនតាមបែបវិទ្យាសាស្ត្របច្ចេកទេសកងទ័ពនាសម័យទំនើប ។

ថ្នាក់អគ្គស្នងការ ប្រភេទទ័ព-ទ័ពជំនាញនិងស្ថាប័នឯកទេសមានជំនាញ ទទួលបន្ទុកការងារហ្វឹកហ្វឺនជាសេនាធិការ លើការងារហ្វឹកហ្វឺនកសាងសមត្ថភាពកងទ័ព ស្របតាមតួនាទីភារកិច្ច រចនាសម្ព័ន្ធចាត់តាំង និងគ្រឿងបំពាក់របស់ប្រភេទទ័ព និងទ័ពជំនាញឯកទេស ។​​ ថ្នាក់យោធភូមិភាគ កងពល ខេត្ត-ក្រុង និងបណ្ដាកងឯកភាពប្រហាក់ប្រហែលមានជំនាញទទួលបន្ទុកការងារហ្វឹកហ្វឺន ជាសេនាធិការឱ្យមេបញ្ជាការយោធភូមិភាគ មេបញ្ជាការកងពល និងមេបញ្ជាការយោធា ខេត្ត-ក្រុង ឬថ្នាក់ប្រហាក់ប្រហែល លើការងារហ្វឹកហ្វឺននៅហ្នឹងកន្លែងស្របតាមភារកិច្ច ភូមិសាស្ត្រ និងសភាពការណ៍ជាក់ស្តែង ។ ថ្នាក់វរសេនាតូច និង យោធាស្រុក គឺជំនួយការសេនាធិការ ធ្វើភារកិច្ចរៀបចំចាត់ចែងលើការងារហ្វឹកហ្វឺន​តាមបទបញ្ជារបស់មេបញ្ជាការអង្គភាពសាមី ។

ខ. ការគ្រប់គ្រងការងារហ្វឹកហ្វឺន

ស្នងការ ហ្វឹកហ្វឺន-ប្រយុទ្ធ ត្រូវបានរៀបចំបង្កើតឡើងនៅឆ្នាំ១៩៧៩ ដែលមានតួនាទីស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គសេនាធិការ មានបេសកកម្មក្នុងការរៀបចំ បទបញ្ជា​ សារាចរ ផែនការហ្វឹកហ្វឺនដល់បណ្ដាអង្គភាពទូទាំងកងទ័ព  និងសន្ទស្សន៍បណ្ដុះបណ្ដា  បំប៉នកម្មាភិបាលយុទ្ធជនគ្រប់មុខជំនាញ ស្របតាមសេចក្ដីត្រូវការរបស់កងទ័ពជារៀងរាល់ឆ្នាំ និងចងក្រងឯកសារហ្វឹកហ្វឺនយុទ្ធវិធី បច្ចេកទេស សណ្ដាប់ធ្នាប់ជួរទ័ព បទពិសោធន៍ប្រយុទ្ធព្រមទាំងបូកសរុបលទ្ធផលការងារហ្វឹកហ្វឺន ។ អាស្រ័យដោយការកសាង កងទ័ពមានការរីកចម្រើន ជាពិសេសការពង្រឹងគុណភាព​សមត្ថភាពជំនាញរបស់កងទ័ពកាន់តែមានភាពរឹងមាំប្រសើរឡើង ការងារហ្វឹកហ្វឺនត្រូវបានពិនិត្យរៀបចំកែសម្រួលប្រព័ន្ធហ្វឹកហ្វឺនមានពីរប្រភេទ គឺ ប្រព័ន្ធហ្វឹកហ្វឺនសាលា និង ប្រព័ន្ធហ្វឹកហ្វឺនអង្គភាព  ។ ដោយការរៀបចំប្រព័ន្ធហ្វឹកហ្វឺនរបៀបនេះ ក្រសួងការពារប្រទេសសម្រេចបង្កើតស្នងការសាលា នៅឆ្នាំ១៩៨៦ ដែលបានបំបែកចេញពីស្នងការហ្វឹកហ្វឺន-ប្រយុទ្ធ ។

ស្នងការសាលា ពេលនោះមានតួនាទី ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គសេនាធិការ មានបេសកកម្មធ្វើការរៀបចំ បទបញ្ជា សារាចរ ផែនការកម្មវិធីបណ្ដុះបណ្ដាលបំប៉នជួរកម្មាភិបាលគ្រប់មុខជំនាញឱ្យបណ្ដាសាលាចាត់តាំងអនុវត្ត និងបូកសរុបលទ្ធផលការងារសាលា ។

២.៣ សម័យផ្សះផ្សារបង្រួបបង្រួមជាតិ (១៩៩៣ ដល់បច្ចុប្បន្ន)

ក្រោយពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី ២៣  ខែតុលា  ឆ្នាំ១៩៩១ បាននាំទៅដល់ការបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ការរៀបចំកងទ័ពជាតិ ការដាក់ង្រាយកងកម្លាំងអង្គការសហប្រជាជាតិ ដើម្បីអនុវត្តន៍បទបញ្ជាឈប់បាញ់ ការកាត់រំសាយកងទ័ព ៧០% នៃភាគីជម្លោះ ការរក្សាទីតាំងឈរជើងនៅហ្នឹងកន្លែង មិនចល័តកងទ័ព ហើយការបង្រួបបង្រួមផ្សះផ្សារជាតិត្រូវបានដំណើរការក្នុងចំណោមភាគីជម្លោះទាំងឡាយធ្វើមាតុភូមិនិវត្តិន៍ និងរៀបចំធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តលើកទី១ នៅឆ្នាំ១៩៩៣ បានរៀបចំអនុម័តរដ្ឋធម្មនុញ្ញថ្មីបង្កើតឡើងនូវរាជរដ្ឋាភិបាលកម្ពុជា។ ចាប់តាំងពីពេលនោះមក អាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា គឺខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជំរុញអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម និងពង្រឹងការពារជាតិ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ។ ក្នុងពេលជាមួយគ្នានេះដែរកងកម្លាំងយោធាបីភាគីបានរួបរួមគ្នាបង្កើតឡើងជាកងយោធពលខេមរភូមិន្ទ រីឯការងារហ្វឹកហ្វឺនក៏ត្រូវបានរៀបចំលើមូលដ្ឋានអតីតៈស្នងការហ្វឹកហ្វឺន-ប្រយុទ្ធ និងស្នងការសាលាបង្កើតបានទៅជាទីចាត់ការហ្វឹកហ្វឺនចំណុះអគ្គសេនាធិការ ហើយបន្តមកទៀតនៅឆ្នាំ១៩៩៩ អគ្គសេនាធិការ បានធ្វើការកែសម្រួលប្រែក្លាយទៅជាអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដល់បច្ចុប្បន្ននេះ ។

បេសកកម្មរបស់ទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការដ្ឋានធ្វើការរៀបចំគោលការណ៍ វិធានការវិធីសាស្ត្រ សម្រាប់អនុវត្តបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនដល់យោធិន ឱ្យទទួលបានចំណេះដឹងជំនាញ សមត្ថភាព ស្របតាមឋានៈ តួនាទីនៃបណ្ដាមុខសញ្ញាយោធិនអាជីព យោធិនជាប់កិច្ចសន្យា យោធិនបំពេញកាតព្វកិច្ច យោធិនបំរុង កងសេនាជន និង/ឬមុខសញ្ញាផ្សេងៗទៀត ។

ទីចាត់ការហ្វឹកហ្វឺនមានរចនាសម្ព័ន្ធចាត់តាំង និងភារកិច្ចដូចតទៅ ៖

ក. រចនាសម្ព័ន្ធចាត់តាំង
  • នាយក
  • នាយករង
  • លេខាធិការដ្ឋាន
  • ផ្នែកហិរញ្ញវត្ថុ
  • ការិយាល័យបុគ្គលិក
  • ការិយាល័យផែនការ សម្ភារៈ
  • ការិយាល័យឯកសារ
  • ការិយាល័យហ្វឹកហ្វឺនទូទៅ
  • ការិយាល័យហ្វឹកហ្វឺនសាលា
  • ការិយាល័យហ្វឹកហ្វឺនជំនាញចម្រុះ
  • ការិយាល័យហ្វឹកហ្វឺនកីឡា
  • ការិយាល័យអប់រំសិទ្ធិមនុស្ស និងច្បាប់សង្គ្រាម
  • អង្គភាពកងកិត្តិយស និងត្រែទ័ព
ខ. ភារកិច្ច

ជ្រួតជ្រាបគោលការណ៍ថ្នាក់លើរៀបចំនូវរាល់ឯកសារដូចជា បទបញ្ជា សារាចរ សេចក្ដីសម្រេច ផែនការ កម្មវិធីហ្វឹកហ្វឺន បណ្ដុះបណ្ដាល និងវិក្រឹតការលើកកំពស់សមត្ថភាពនាយទាហាន នាយទាហានរង ពលទាហាន គ្រប់មុខជំនាញឯកទេសក្នុងកងយោធពលខេមរភូមិន្ទ ដោយមានការយល់ព្រមពីអគ្គបញ្ជាការ និង/ឬក្រសួងការពារជាតិ រួចផ្សព្វផ្សាយដល់ស្ថាប័ន កងឯកភាព សាលាចាត់តាំងអនុវត្ត ។

សិក្សាស្រាវជ្រាវចងក្រងឯកសារយោធា និងមុខជំនាញ ជាពិសេសវិទ្យាសាស្រ្តបច្ចេកទេសយុទ្ធវិធី សណ្ដាប់ធ្នាប់យោធា បទពិសោធន៍ប្រយុទ្ធ ស្របតាមសភាពការណ៍ជាក់ស្ដែងដើម្បីធ្វើការដកពិសោធន៍ ការកសាងសមត្ថភាពប្រយុទ្ឋ និងធ្វើការងារ ការរៀនសូត្រ ព្រមទាំងពង្រឹងវិន័យកងទ័ពឱ្យបានរឹងមាំខ្លាំងក្លា ។

លើកគម្រោងផែនការធានាថវិកា សម្ភារៈ គ្រឿងបំពាក់ ប្រេងឥន្ទនៈ គ្រប់គ្រងបែងចែកសម្រាប់បំរើការហ្វឹកហ្វឺន និងការកសាងសំណង់ទីលានហ្វឹកហាត់ព្រមទាំងចាត់តាំងការកែច្នៃការផលិតសម្ភារៈហ្វឹកហ្វឺន និងបោះពុម្ភសៀវភៅ ឯកសាររៀនសូត្រ ។

តាមដានត្រួតពិនិត្យការងារហ្វឹកហ្វឺន នៅតាមបណ្ដាសាលា អង្គភាពក្នុងទូទាំងកងយោធពលខេមរភូមិន្ទ  តាមដំណាក់កាលហ្វឹកហ្វឺន ឬជាយថាហេតុ ដើម្បីបូកសរុបវាយតម្លៃលទ្ធផលហ្វឹកហ្វឺន រាយការណ៍ជូនអគ្គមេបញ្ជាការ ក្រសួងការពារជាតិ តាមពេលវេលាកំណត់ ជាពិសេសការធ្វើអធិការកិច្ចក្នុងពេលប្រឡងបញ្ចប់ការសិក្សាឱ្យបានត្រឹមត្រូវមានភាពយុត្តិធម៌ និងតម្លាភាព ។

ណែនាំការងាររៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយរបស់កងទ័ព និងជំរុញការកសាងកីឡាការហ្វឹកហាត់កាយសម្បទាយោធិន  តាមប្រភេទវិញ្ញាសាកីឡាកងទ័ពវិញ្ញាសាកីឡាមហាជនចាត់តាំងការប្រកួតជាលក្ខណៈជាតិ និងចូលរួមប្រកួតជាអន្តរជាតិ ទាំងនៅក្នុង និងក្រៅប្រទេស ។

រៀបចំផែនការ និងការហ្វឹកហាត់សម្រាប់ពិធីព្យុះហយាត្រា   ឬពិធីបុណ្យជាតិផ្សេងៗដែលកងទ័ពចូលរួម ។

គ្រប់គ្រងដឹកនាំអង្គភាពចំណុះ កសាងផែនការ និងចាត់តាំងសកម្មភាពការងារពង្រឹងសមត្ថភាពជំនាញដូចជាៈ

  • កងកិត្តយស ត្រែទ័ព បំពេញភារកិច្ច ក្នុងការធ្វើបដិសណ្ឋារកិច្ចរាល់ពិធីថ្នាក់ជាតិនិងអន្តរជាតិ ព្រមទាំងពិធីនានារបស់កងទ័ពតាមគោលការណ៍ ឬចារឹកប្រពៃណី អត្តសញ្ញាណ និងវប្បធម៌ជាតិ ។
  • មជ្ឈមណ្ឌលបាញ់គ្រាប់ពិតធ្វើការសាកល្បងត្រួតពិនិត្យបច្ចេកទេស ប្រសិទ្ធិភាពអាវុធវាស់ស្ទង់កម្រិតសមត្ថភាពបាញ់របស់យោធិនធ្វើគំរូការហ្វឹកហ្វឺនយោធា  និងប្រមូលផ្ដុំការហ្វឹកហាត់រួមព្រមទាំងអនុវត្តកម្មវិធីដកពិសោធន៍ ឬការប្រកួតវិញ្ញាសាកងទ័ព ជាពិសេសបណ្ដាអង្គភាពស្នើសុំអនុវត្តជាក់ស្ដែង ។

សហការជិតស្និតជាមួយស្ថាប័ននានា  ទាំងក្នុង   និង ក្រៅកងទ័ព   ដើម្បីចាត់តាំងអនុវត្តការងារហ្វឹកហ្វឺនដូចជាៈ

  • ការហ្វឹកហ្វឺនសមយុទ្ធយោធា ពង្រឹងសមត្ថភាពជំនាញ និង ប្រយុទ្ធរបស់កងឯកភាព នៃខ.ភ.ម ។
  • សហប្រតិបត្តិការជាមួយស្ថាប័នជាតិ  និងអន្តរជាតិ ដើម្បីហ្វឹកហ្វឺនច្បាប់ជាតិ និងអន្តរជាតិជាពិសេស ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់សិទ្ធិមនុស្ស ច្បាប់ជម្លោះប្រដាប់អាវុធ ។ល។
  • ធ្វើការហ្វឹកហ្វឺនមុខជំនាញផ្សេងៗ ដែលទទួលបានការអនុញ្ញាតពីថ្នាក់លើ ។

ណែនាំ និងបំប៉នមុខជំនាញអោយខ្សែរយៈការងារហ្វឹកហ្វឺនតាមឋានានុក្រម ។

បំពេញការងារផ្សេងៗទៀត  តាមការប្រគល់ភារកិច្ចជាក់ស្ដែង របស់អគ្គបញ្ជាការ  និងក្រសួងការពារជាតិ ។

២.៤ ការវិវត្តិន៍

ចាប់តាំងពីពេលបង្រួបបង្រួមជាតិ និងការបង្រួមចូលគ្នានៃកងកម្លាំងយោធារបស់ភាគីជម្លោះក៏បានរៀបចំកងយោធពលខេមរភូមិន្ទឡើងវិញនៅឆ្នាំ១៩៩៣ ពេលនោះទីចាត់ការហ្វឹកហ្វឺនមានមូលដ្ឋានការិយាល័យធ្វើការងារនៅអគ្គសេនាធិការ ខាងលិចជាប់បរិវេន ទីស្ដីការក្រសួងការពារជាតិ(DN) ។

ឆ្នាំ១៩៩៩ កែសម្រួលអគ្គសេនាធិការទៅជាអគ្គបញ្ជាការដ្ឋាន និងប្ដូរទីតាំង ពេលនោះទីចាត់ការហ្វឹកហ្វឺនបានរើការិយាល័យមកស្ថិតនៅដីឡូលេខ២៣ ផ្លូវ១៧១ កែងផ្លូវ១២២ រហូតមកដល់ឆ្នាំ២០០៥ បានរើទីតាំងម្ដងទៀតមកនៅដីឡូលេខ៥០ផ្លូវ១១៨ ខាងក្រោយក្រសួងការពារជាតិ។

ឆ្នាំ២០០៦ ប្ដូរទីតាំងមកស្ថិតនៅទីបញ្ជាការដ្ឋាន អគ្គបញ្ជាការ ផ្លូវនរោត្ដម (អតីតៈមូលដ្ឋាន អគ្គសេនាធិការ សម័យសង្គមរាស្រ្តនិយម និងសម័យសាធារណៈរដ្ឋខ្មែរ) បច្ចុប្បន្នជាទីតាំងអង្គភាពប្រឆាំងអំពើពុករលួយ ។

នៅឆ្នាំ២០០៧ អង្គភាពមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលស្ថិតនៅចំណុះទីចាត់ការហ្វឹកហ្វឺន ត្រូវបានកែសម្រួលផ្ដាច់ចេញទៅចំណុះការគ្រប់គ្រងរបស់ក្រសួងការពារជាតិ។

ឆ្នាំ២០០៩ អគ្គបញ្ជាការដ្ឋាន បានប្ដូរទីតាំងមកស្ថិត នៅភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនោះទីចាត់ការហ្វឹកហ្វឺនក៏បានរើទៅទីនោះដែរ ។ ក្នុងឆ្នាំនោះដែរ អគ្គបញ្ជាការដ្ឋាន បានផ្ទេរទីតាំងនោះឱ្យទៅបញ្ជាការដ្ឋានកងទ័ពជើងគោកដោយប្ដូរអគ្គបញ្ជាការដ្ឋានមកទីតាំងដើមវិញ (នៅផ្លូវសហព័ន្ធរុសី្ស ជាប់ខាងលិចបរិវេន ក្រសួងការពារជាតិDN) រហូតមកដល់សព្វថ្ងៃនេះ ។

 

ផ្នែកទី ៣
ដំណើរការហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ

 

៣.១ ការបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនពីឆ្នាំ១៩៥៣-១៩៧៩

នៅពេលកងយោធពលខេមរភូមិន្ទចាប់បដិសន្ធិឡើង ការងារហ្វឹកហ្វឺនក៏ត្រូវបានដំណើរការចាប់ពីពេលនោះមកដែរ។ នៅគ្រាដំបូងបានធ្វើការបណ្ដុះបណ្ដាលនាយទាហានសកម្ម នៅសាលាខេមរយោធិនដែលមានទីតាំងនៅរាជធានីភ្នំពេញ ហើយក្រោយមកបានរើទីតាំងទៅឈរជើងនៅខេត្តកំពង់ឆ្នាំង ដែលបានហ្វឹកហ្វឺនចំនួន ៣២ វគ្គ ។ ចំពោះនាយទាហានជាន់ខ្ពស់រៀននៅបណ្ឌិតសភាយោធាដែលមានទីតាំងស្ថិតនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខ័ណ្ឌដង្កោរាជធានីភ្នំពេញ។ ការបណ្ដុះបណ្ដាលនាយទាហានរង បានដំណើរការនៅសាលាក្របខ័ណ្ឌ“ថ្មពេជ្រ” ។​

សមិទ្ធផលខាងលើនេះក៏ត្រូវបានបិទទ្វាទាំងស្រុងចាប់ពីឆ្នាំ ១៩៧៥-១៩៧៩ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ហើយគ្មានបន្សល់ទុកនូវឯកសារអ្វីឡើយ ។

៣.២ ការចាត់តាំងបណ្ដុះបណ្ដាល  និងហ្វឹកហ្វឺនពីឆ្នាំ១៩៧៩-១៩៩៣

ក្រោយការដួលរលំ នៃរបបកម្ពុជាប្រជាធិបតេយ្យ ដោយការវាយប្រហាររបស់កងកម្លាំងរណៈសិរ្ស​​សាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានការជួយឧបត្ថម្ភពីកងទ័ពស្មគ្គ្រចិត្តវៀតណាមបានរំដោះប្រទេសជាតិ​នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៧៩ និងបង្កើតឡើងរបបសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ហើយបានកសាងកងទ័ពមួយដែលមានឈ្មោះថា កងទ័ពប្រជាជនបដិវត្តន៍កម្ពុជា មានរចនាសម្ព័ន្ធចាត់តាំងដល់ថ្នាក់កងពល​ធំនៃកងទ័ពស្រួច និងថ្នាក់វរសេនាធំ វរសេនាតូចនៃកងទ័ពតំបន់ ហើយបានដំណើរការបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនតាមថ្នាក់ តាមជំនាញដូចខាងក្រោម៖

ក. ថ្នាក់ពលទាហាន និងនាយទាហានរង:

ការបណ្ដុះបណ្ដាល  និងហ្វឹកហ្វឺនកម្រិតនេះ ដោយស្នងការចាត់តាំងកំណែន និងស្នងការហ្វឹកហ្វឺន-ប្រយុទ្ធ     ធ្វើជាសេនាធិការឱ្យអគ្គសេនាធិការក្នុងការរៀបចំកំណត់សន្ទស្សន៍ជ្រើសរើសនិងរៀបចំផែនការ ខ្លឹមសារកម្មវិធីហ្វឹកហ្វឺន ហើយត្រូវបានដំណើរការតាមបណ្ដាថ្នាក់បណ្ដាជំនាញដូចតទៅ ៖

ក១. ថ្នាក់ពលទាហាន(ទ័ពថ្មី):

ការហ្វឹកហ្វឺនទ័ពថ្មីត្រូវបានចាត់តាំងអនុវត្តនៅថ្នាក់យោធាខេត្តដែលគណៈបញ្ជាការឯកភាពខេត្តដឹកនាំការជ្រើសរើសតាមច្បាប់កាតព្វកិច្ចយោធា  និងសន្ទស្សន៍ការពារជាតិកំណត់ជាក់ស្ដែងហើយការចាត់តាំងហ្វឹកហ្វឺនត្រូវបានប្រមូលផ្ដុំ នៅសាលាហ្វឹកហ្វឺន យោធាខេត្ត-ក្រុង រយៈពេលហ្វឹកហ្វឺន ៣ខែ ។

ក២. ថ្នាក់នាយទាហានរង:

ជាទូទៅថ្នាក់នាយទាហានរងត្រូវបានចាត់តាំងបណ្ដុះបណ្ដាលមានច្រើនមុខជំនាញ និងច្រើនសាលា ជាក់ស្ដែង នាយទាហានរងថ្មើរជើងត្រូវធ្វើការហ្វឹកហ្វឺននៅវរសេនាធំហ្វឹកហ្វឺន“ង៥០”(៤) និងសាលាយោធានយោ​បាយតំបន់១, ២, ៣, ៤, ៥ របស់យោធភូមិភាគនីមួយៗរយៈពេលហ្វឹកហ្វឺនពី៣-៦ខែ ។ ចំពោះនាយទាហានរងទ័ពជំនាញ និងមុខជំនាញឯកទេស  ត្រូវបានចាត់តាំងបណ្ដុះបណ្ដាលនៅ  សាលាហ្វឹកហ្វឺនជើងទឹក   សាលាការពារអាកាស-ទ័ពអាកាស សាលារថក្រោះ-រថពាសដែក សាលាកាំភ្លើងធំ សាលាទ័ពជាង  សាលាវិទ្យុទាក់ទងសាលាបាំងសម្ងាត់សាលាពេទ្យយោធា  សាលាបច្ចេកទេស   និងវរសេនាតូចហ្វឹកហ្វឺន បុគ្គលិកភស្ដុភារ(ឃ៤០) ដែលមានរយៈពេលហ្វឹកហ្វឺនពី៦-៩ខែ ។

ខ. ថ្នាក់នាយទាហាន:

ការបណ្ដុះបណ្ដាលនាយទាហានគឺជាការទទួលខុសត្រូវគ្រប់គ្រង ដឹកនាំបញ្ជាដោយថ្នាក់អគ្គ និងថ្នាក់ក្រសួងការពារប្រទេស ដែលមានស្នងការកម្មាភិបាល និងស្នងការសាលាធ្វើជាសេនាធិការលើការងារកសាងជួរកម្មាភិបាលស្របតាមសេចក្ដីត្រូវការប្រចាំឆ្នាំ និងរៀបចំផែនការ កម្មវិធីបណ្ដុះបណ្ដាលចាត់តាំងឱ្យបណ្ដាសាលាដំណើរការអនុវត្តន៍បណ្ដុះបណ្ដាល  នាយ ហានបឋម និងនាយទាហានមធ្យមជាន់ខ្ពស់ ។

ខ១. នាយទាហានបឋម:

នាយទាហានថ្នាក់កងអនុសេនាតូច មុខងារយោធានយោបាយ ចាត់តាំងបណ្ដុះបណ្ដាលនៅបណ្ដា​សាលាចំណុះយោធភូមិភាគ រយៈពេល ៣-៦ខែ ហើយនៅឆ្នាំ១៩៨៨ កែប្រែកម្មវិធីសិក្សា១ឆ្នាំ ។

នាយទាហានថ្នាក់កងអនុសេនាធំ  មុខជំនាញទ័ពជើងគោកដូចជា ថ្មើរជើង ស៊ើបការ រថក្រោះ កាំភ្លើងធំ ការពារអាកាស  ទ័ពជាង  វិទ្យុទាក់ទង  គីមីសាស្រ្ត ការពារព្រំដែន រៀននៅសាលាទ័ពជើងគោកចម្រុះ  មុខងារនយោបាយ រៀននៅសាលាកម្មាភិបាលនយោបាយ និងបណ្ដាមុខជំនាញ ភស្ដុភារ  បច្ចេកទេស  រៀននៅសាលាភស្ដុភារកងទ័ព  សាលាបច្ចេកទេស   រយៈពេល ពី៦-៩ខែ ហើយនៅឆ្នាំ១៩៨៨ បានកែប្រែកម្មវិធីសិក្សាមានរយៈពេល២ឆ្នាំ ។ ចំពោះសាលាមធ្យមសិក្សាពេទ្យយោធា រយៈពេលពី១-៣ឆ្នាំ ។ ដោយឡែកសាលាវប្បធម៌កងទ័ព ចាត់តាំងរៀនសូត្រអក្សរសាស្រ្តខ្មែរឱ្យកម្មាភិបាលមិនចេះអក្សរ និងមួយចំនួនទៀតរៀនភាសាវៀតណាមបង្កប្រភពបញ្ជូនទៅសិក្សានៅក្រៅប្រទេស ។

ខ២. នាយទាហានមធ្យមជាន់ខ្ពស់:

ការបណ្ដុះបណ្ដាល បំប៉ននាយទាហានមធ្យមជាន់ខ្ពស់ ថ្នាក់វរសេនាតូច វរសេនាធំ កងពល និងថ្នាក់ប្រហាក់ប្រហែល មករៀននៅសាលាកម្មាភិបាលមធ្យមជាន់ខ្ពស់ រយៈពេលពី៦-៩ខែ ហើយនៅឆ្នាំ ១៩៨៨ បានកែប្រែកម្មវិធីបណ្ដុះបណ្ដាលថ្នាក់វរសេនាតូច មានរយៈពេលសិក្សា២ឆ្នាំ ។

គ. ការសិក្សានៅក្រៅប្រទេស:

ការបណ្ដុះបណ្ដាល បំប៉ននៅក្រៅប្រទេសគឺជាចំណែកមួយ​បានពង្រឹងគុណភាពសមត្ថភាពកងទ័ព​ ជាពិសេសជួរកម្មាភិបាលគ្រប់ថ្នាក់នៃកងទ័ពប្រជាជនបដិវត្តកម្ពុជា មានមួយផ្នែកធំបានទៅសិក្សានៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម សហភាពសូវៀត និងបណ្ដាប្រទេសមួយចំនួនទៀត ។ រីឯកងទ័ពត្រីភាគី (កងទ័ពកម្ពុជាប្រជាធិបតេយ្យ កងទ័ពជាតិកម្ពុជាឯករាជ្យ និងកងទ័ពជាតិរំដោះប្រជាពលរដ្ឋខ្មែរ) មួយចំនួនបានរៀនសូត្រ  នៅសាធារណៈរដ្ឋប្រជាមានិតចិនព្រះរាជាណាចក្រថៃ ឥណ្ដូនេស៊ី និងម៉ាឡេស៊ី។

៣.៣ ការចាត់តាំងបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន

ការរៀបចំរចនាសម្ព័ន្ធបណ្ដាសាលា សម្រាប់បណ្ដុះបណ្ដាលយោធិន នៃកងយោធពលខេមរភូមិន្ទ ចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់សព្វថ្ងៃយើងមានសាលា និងថ្នាក់មុខជំនាញសម្រាប់ដំណើរការហ្វឹកហ្វឺនតាមតួនាទី ឋានន្តរសក្តិ ដូចខាងក្រោម៖

ក. បណ្ដុះបណ្ដាល បំប៉ននាយទាហានជាន់ខ្ពស់ៈ

នាយទាហានចាប់ពីថ្នាក់វរសេនីយ៍ឯកឡើងទៅត្រូវបានធ្វើការបណ្ដុះបណ្ដាល បំប៉នថ្នាក់ការពារជាតិ រយៈពេល១ឆ្នាំ និងនាយទាហានថ្នាក់វរសេនីយ៍ត្រី វរសេនីយ៍ទោ បណ្ដុះបណ្ដាលថ្នាក់បញ្ជាការ-សេនាធិការ រយៈពេល២ឆ្នាំ កម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យការពារជាតិ។

ខ. បណ្ដុះបណ្ដាល បំប៉ននាយទាហានជាន់ទាបៈ

នាយទាហានជាន់ទាបត្រូវបានធ្វើការបណ្ដុះបណ្ដាលមុខជំនាញទ័ពជើងគោកនាយទាហានសកម្ម កម្រិតបរិញ្ញាបត្រ រយៈពេល៤ឆ្នាំ នៅវិទ្យាស្ថានទ័ពជើងគោក សាលានាយទាហានសកម្ម។មុខជំនាញភស្ដុភារ បច្ចេកទេស​ រយៈពេល២-៣ឆ្នាំ ​កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ នៅសាកលវិទ្យាល័យការពារជាតិ វិទ្យាស្ថានបច្ចេកទេសយោធាតេជោហ៊ុន សែន ។ មុខជំនាញសុខាភិបាល កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងវេជ្ជបណ្ឌិត រយៈពេលពី៣-៧ឆ្នាំនៅវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាល ខ.ភ.ម. ។

គ. បណ្ដុះបណ្ដាលនាយទាហានរងៈ

ការបណ្ដុះបណ្ដាលនាយទាហានរង ត្រូវបានចាត់តាំងច្រើនមុខជំនាញនៅបណ្ដាសាលាប្រភេទទ័ព-ទ័ពជំនាញ និងមានរយៈពេលសិក្សាខ្លីមិនលើសពី ១ឆ្នាំ រួមមាន៖

  • នាយទាហានរងថ្មើរជើង  រៀននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក
  • នាយទាហានរងទ័ពជំនាញ រៀននៅសាលាហ្វឹកហ្វឺនកងទ័ពជើងអាកាស សាលាហ្វឹកហ្វឺនកងទ័ពជើងទឹក សាលាហ្វឹកហ្វឺនរថក្រោះសាលាហ្វឹកហ្វឺន កាំភ្លើងធំសាលាហ្វឹក ហ្វឺនការពារអាកាស សាលាហ្វឹកហ្វឺនវិស្វកម្ម សាលាហ្វឹកហ្វឺនបញ្ជូនសារ សាលាហ្វឹកហ្វឺនបំភន្តអក្ខរៈ សាលាហ្វឹកហ្វឺនគីមីសាស្រ្តសាលាហ្វឹកហ្វឺនកងរាជអាវុធហត្ថសាលាហ្វឹកហ្វឺនការពារព្រំដែន សាលាហ្វឹកហ្វឺនបើកបរ មជ្ឈមណ្ឌលហ្វឹកហ្វឺនអង្គរក្សក្រាំងចេក​ មជ្ឈមណ្ឌលហ្វឹកហ្វឺន និងជួសជុលបញ្ជូនសារសាលាហ្វឹកហ្វឺនភូមិសាស្ត្រ សាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈកុំព្យូទ័រនិងភាសាបរទេស វិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីនកាកសំណល់សង្រ្គាម និងសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាស្រ្ត ។
ឃ. ហ្វឹកហ្វឺនពលទាហានៈ

ការហ្វឹកហ្វឺនពលទាហានឬទ័ពថ្មីត្រូវបានរៀបចំឱ្យមានបណ្ដាសាលាហ្វឹកហ្វឺនពលទាហានចំណុះយោធភូមិភាគទាំងប្រាំមួយ(៦)  ឬធ្វើការហ្វឹកហ្វឺននៅតាមកងឯកភាពដែលត្រូវបំពេញក្របខ័ណ្ឌ។

៣.៤ ខ្លឹមសារហ្វឹកហ្វឺន

ឆ្លងកាត់សម័យកាលពីរបបសង្គមមួយទៅសង្គមមួយ និងកត្តាសន្តិសុខជាតិ – អន្តរជាតិ ការងារហ្វឹកហ្វឺន បានដំណើរការក្នុងស្ថានភាពមានការប្រែប្រួល បត់បែនគ្រប់សភាពការណ៍ទាំងដំណាក់កាលមានសង្គ្រាម និងដំណាក់កាលមានសន្តិភាពដូច្នេះយើងបានចាត់តាំងការងារហ្វឹកហ្វឺនតាមលក្ខណៈជាក់ស្ដែងដែលមាន ខ្លឹមសារដូចខាងក្រោម៖ ការពង្រឹងគុណភាពបណ្ដុះបណ្ដាលនិងហ្វឹកហ្វឺនយោធិន ​ត្រូវធ្វើស្របតាមសេចក្ដីត្រូវការកសាងកងយោធពលខេមរភូមិន្ទ និងសភាពការណ៍ជាក់ស្ដែង ដើម្បីពង្រឹងលើកកម្ពស់សមត្ថភាពមានវិជ្ជាជីវៈពេញលេញសម្រាប់ធានាក្នុងក្របខ័ណ្ឌប្រយុទ្ធ បម្រើការប្រយុទ្ធរបស់កងទ័ពឱ្យមានប្រសិទ្ធភាព ជាពិសេសយើងបានធ្វើសិក្ខាសាលានៅក្នុងឆ្នាំ១៩៩៤ ស្ដីពីការកែសម្រួលឯកសារហ្វឹកហ្វឺនដែលបានឯកភាពនៃគោលដៅចម្បង គឺផ្លាស់ប្ដូរខ្លឹមសារហ្វឹកហ្វឺនពីសង្គ្រាមផ្ទៃក្នុងសង្គ្រាមឈ្លប់ទៅកាន់គោលដៅឬភារកិច្ចការពារជាតិហើយបានដំណើរការហ្វឹកហ្វឺនដល់យោធិនគ្រប់ថ្នាក់ គ្រប់ជំនាញដូចជា៖

  • ហ្វឹកហ្វឺនលើកកម្ពស់សមត្ថភាព នាយទាហាន មេបញ្ជាការ​ ស្ថាប័នគ្រប់លំដាប់ថ្នាក់ចេះដឹកនាំ បញ្ជា គ្រប់គ្រងស្របតាមតួនាទី ឬមុខតំណែងដែលមានក្នុងក្របខ័ណ្ឌរបស់កងយោធពលខេមរភូមិន្ទ ។
  • ធ្វើឱ្យយោធិនទទួលបាននូវចំណេះដឹងអំពីលក្ខណៈបច្ចេកទេស ប្រសិទ្ធភាពគ្រឿងបំពាក់យុទ្ធោបករណ៍ និងចេះប្រើប្រាស់បានស្ទាត់ជំនាញទាំងក្នុងពេលធម្មតា និងក្នុងពេលប្រយុទ្ធ ។
  • ពង្រឹងការហ្វឹកហាត់យុទ្ធវិធីគ្រប់រូបភាព និងធ្វើលំហាត់ដកពិសោធន៍ជាក់ស្ដែង នៅលើភូមិសាស្រ្ត ផែនទី​ ឬតុខ្សាច់ ព្រមទាំងធ្វើឱ្យយោធិនយល់ច្បាស់បទបញ្ជាប្រតិបត្តិការសឹកចេះរបៀបចាត់តាំងប្រយុទ្ធ និងអនុវត្តសហការប្រយុទ្ធទទួលបានជោគជ័យ ។
  • ពង្រឹងសមត្ថភាពមុខជំនាញឯកទេសបម្រើការប្រយុទ្ធ ដោយត្រូវធ្វើការហ្វឹកហ្វឺនរាល់លក្ខណៈបច្ចេកទេស ប្រសិទ្ធិភាពប្រើប្រាស់ ការគ្រប់គ្រងថែរក្សា និងធានាគោលរបបកងទ័ពផ្គត់ផ្គង់បើកចែកបានត្រឹមត្រូវគ្រប់ចំនួន មានគុណភាពល្អ ដល់ដៃយោធិន ។
  • ពង្រឹងការអប់រំចិត្តសាស្រ្តលើកកម្ពស់ស្មារតី ឆន្ទៈមោះមុតគោលជំហររឹងប៉ឹងចំពោះសភាពការណ៍តានតឹង ស្មុកស្មាញ មានទឹកចិត្តស្មោះត្រង់ចំពោះ  “ជាតិ សាសនា ព្រះមហាក្សត្រ” ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី ឧត្ដមប្រយោជន៍ជាតិ និងប្រជាជនគោរពច្បាប់ វិន័យយ៉ាងម៉ឺងម៉ាត់ ព្រមទាំងការសាមគ្គីភាពរឹងមាំសម្រេចភារកិច្ចបានជោគជ័យ ។
  • ហ្វឹកហ្វឺនកីឡា ពង្រឹងកាយសម្បទាមាំមួន «បំបាត់ភាពហត់នឿយ» បង្កើនភាពស្វាហាប់ រហ័សរហួន និងពុះពារបានក្នុងការឆ្លងកាត់ឧបសគ្គនានាដែលមានលក្ខណៈជាក់ស្ដែងតាមភូមិសាស្រ្តឬតំបន់លំបាក ដើម្បីទទួលបានជ័យជំនះលើសមរភូមិប្រយុទ្ធ ​។
  • ជំរុញការហ្វឹកហ្វឺនសហប្រតិបត្តិការ ជាមួយសហគមន៍អន្តរជាតិដើម្បីរួមចំណែកការពារថែរក្សាសន្តិភាព និងសន្តិសុខជាអន្តរជាតិ ជាពិសេសដើម្បីបង្ការទប់ស្កាត់  និងបង្រ្កាប់អំពើភេរវកម្មឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទមានជាអាទិ៍ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀត ។
  • ហ្វឹកហ្វឺនយល់ដឹងច្បា​ប់ជាតិ និងច្បាប់អន្តរជាតិ សំដៅបង្កើនការលើកកម្ពស់គុណភាពយោធិនឱ្យមានការយល់ដឹងផ្នែកច្បាប់ដែលមានការទាក់ទិនទៅនឹងសិទ្ធិសេរីភាពរបស់មនុស្សជាតិនិងកិច្ចការសង្គមធ្វើឱ្យយោធិនទាំងនោះ អាចពិចារណាក្នុងរាល់ការរៀបចំបែបផែន សកម្មភាពការងារ បានសមស្រប ។
  • ហ្វឹកហ្វឺនព័ត៌មានវិទ្យា និងភាសាបរទេស ដើម្បីបង្កើនសមត្ថភាពប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជឿនលឿន និងការទំនាក់ទំនងដៃគូរធ្វើការងារតាមមុខនាទីដែលបានប្រគល់ឱ្យ ។
៣.៥ កម្មវិធីហ្វឹកហ្វឺន

ការបែងចែកអត្រាពេលវេលា នៃកម្មវិធីហ្វឹកហ្វឺន   ដើម្បីកសាងសមត្ថភាពកងទ័ពនៅតាម  បណ្ដាថ្នាក់ បណ្ដាជំនាញ ត្រូវបានដំណើការអនុវត្តន៍ដូចខាងក្រោម៖

  • អប់រំចិត្តសាស្រ្ត               ១០%
  • ហ្វឹកហ្វឺនយោធា ឬជំនាញ   ៧០%​ (បច្ចេកទេស យុទ្ឋវិធី យោធារួម កីឡា និងអន្តរាវុធ។ល។)
  • ភស្ដុភារ ពេទ្យ                ០៨%
  • បច្ចេកទេស                   ០៥%
  • វប្បធម៌ទូទៅ                  ០៧%

អត្រាពេលវេលាហ្វឹកហ្វឺនខាងលើនេះអាចមានការប្រែប្រួលតិច ឬច្រើនជាង អាស្រ័យដោយសភាពការណ៍ជាក់ស្ដែង ដើម្បីធ្វើការកែសម្រួលឱ្យបានសមស្រប ។

៣.៦ វិធីសាស្ត្រហ្វឹកហ្វឺន
បណ្ដាសាលា

ត្រូវបែងចែក ឬចាត់តាំងថ្នាក់រៀនឱ្យបានសមស្រប ធ្វើយ៉ាងណាពេលបង្រៀនងាយពន្យល់សិក្ខាកាមងាយយល់-ងាយចាំ និងងាយចេះប៉ុន្តែត្រូវផ្អែកតាមសភាពការណ៍ជាក់ស្តែងរបស់សាលា និងការងារធានាផងដែរ។ របៀបនេះយើងអាចរៀបចំគ្រូបង្រៀន និងសិក្ខាកាមដែលមានផលធៀប ១; ៣០ ។

បណ្ដាកងឯកភាព

ការចាត់តាំងហ្វឹកហ្វឺននៅហ្នឹងកន្លែង គឺជាវិធានការរបស់មេបញ្ជាការគ្រប់ថ្នាក់ ត្រូវដំណើរការអនុវត្តហ្វឹកហ្វឺនជាប្រចាំនៅតាមកងឯកភាពខ្លួន  ហើយជាទូទៅក៏អាចមានលក្ខណៈខុសគ្នាខ្លះអាស្រ័យដោយគ្រឿងបំពាក់ និងបច្ចេកវិទ្យាថ្មីៗ ចំពោះខ្លឹមសារ រូបភាព វិធីសាស្ដ្រហ្វឹកហ្វឺនមានដូចខាងក្រោម៖

  • ហ្វឹកហ្វឺនឱ្យស្របតាមសភាពការណ៏ជាក់ស្ដែង ដែលមេបញ្ជាការកងឯកភាពពិនិត្យឃើញថាយោធិនមិនទាន់ចេះរាល់បណ្ដាបញ្ហាដែលពាក់ព័ន្ធការងារប្រយុទ្ធ បម្រើប្រយុទ្ធ និងបណ្ដាមុខវិជ្ជាថ្មីៗដើម្បីចាត់តាំងដំណើរការហ្វឹកហ្វឺន
  • ហ្វឹកហ្វឺនរំលឹកលើកកម្ពស់សមត្ថភាពឱ្យយោធិនដើម្បីធ្វើម្ចាស់ លើគ្រឿងសព្វាវុធមធ្យោបាយបច្ចេកទេស យុទ្ធវិធី និងការអប់រំចិត្ដសាស្រ្ត យកចិត្ដទុកដាក់ពិសេសស្ថាប័នសេនាធិការ ។
កងទ័ពអន្តរាគមន៍ ឬកងឯកភាពដែលមានទីតាំងនៅខាងក្រោយ
  • ត្រូវចាត់តាំងហ្វឹកហ្វឺនអោយយោធិននៅហ្នឹងកន្លែង ផ្អែកតាមចំនួនទ័ពជាក់ស្តែង ដើម្បីបែងចែកយក ២ភាគ៣ ធ្វើការហ្វឹកហ្វឺន និងយក១ភាគ៣ ធ្វើការងារ ឬត្រៀមប្រយុទ្ឋ ព្រមទាំងអនុវត្តផ្លាស់ប្តូរគ្នាហ្វឹកហ្វឺនតាមរបៀបវិលជុំ ។
  • យកកងអនុសេនាតូច ឬកងអនុសេនាធំ ដើម្បីហ្វឹកហាត់ ។
  • ការងារបង្រៀនតាមរបៀបថ្នាក់លើជាអ្នកបង្រៀនឱ្យថ្នាក់ក្រោម ក្នុងកងឯកភាពខ្លួន ។
  • ពេលវេលាហ្វឹកហ្វឺន១សប្តាហ៍ រៀនសូត្រ៣ថ្ងៃ និងយក ២ថ្ងៃធ្វើការងារកសាងអង្គភាព។
កងឯកភាពឈរជើងនៅតាមព្រំដែន
  • ត្រូវចាត់តាំងហ្វឹកហ្វឺនអោយយោធិននៅហ្នឹងកន្លែង ផ្អែកតាមចំនួនទ័ពជាក់ស្តែង ដើម្បីបែងចែកយក ១ភាគ៣ ធ្វើការហ្វឹកហ្វឺន និងយក២ភាគ៣ ត្រៀមប្រយុទ្ឋ  ឬធ្វើការងារ ព្រមទាំងអនុវត្តផ្លាស់ប្តូរគ្នាហ្វឹកហ្វឺនតាមរបៀបវិលជុំ ។
  • យកកងអនុសេនាតូច ឬកងអនុសេនាធំ ដើម្បីហ្វឹកហាត់ ។
  • ការងារបង្រៀនតាមរបៀបថ្នាក់លើជាអ្នកបង្រៀនឱ្យថ្នាក់ក្រោម ក្នុងកងឯកភាពខ្លួន ។
  • ពេលវេលាហ្វឹកហ្វឺន ១សប្តាហ៍រៀនសូត្រ ៣ថ្ងៃ និងយក២ថ្ងៃធ្វើការងារកសាងអង្គភាព។
រដូវវស្សា
  • ផ្អែកតាមភូមិសាស្ត្រ ធាតុអាកាស មានភ្លៀងធ្លាក់ជោគជាំ ត្រូវចាត់តាំងការហ្វឹកហ្វឺនរៀនសូត្រនូវបណ្ដាមុខវិជ្ជាខាងផ្នែកទ្រឹស្តីនៅក្នុងថ្នាក់ច្រើនជាងការអនុវត្តន៍ជាក់ស្តែងនៅលើទីលាន។
  • ហ្វឹកហាត់សរុប
  • ក្រោយពីការហ្វឹកហាត់ចប់តាមបណ្ដាផ្នែកមុខវិជ្ជា ត្រូវធ្វើការហ្វឹកហាត់សរុបថ្នាក់កងអនុសេនាតូច កងអនុសេនាធំ ដើម្បីត្រួតពិនិត្យ សមត្ថភាពរបស់យោធិន និងកងឯកភាព ។
៣.៧ សកម្មភាពហ្វឹកហ្វឺនសំខាន់ៗ

ព្រឹត្តិការណ៍ហ្វឹកហ្វឺនសំខាន់ៗដែលជាមោទនភាព និងការជឿជាក់ពីរាជរដ្ឋាភិបាលដោយមានប្រសិទ្ធិភាពដូចជា ការចាត់តាំងបាញ់គ្រាប់ពិតកាំភ្លើប្រតិម្ម បេអឹម២១(៥) លើកទី១ឆ្នាំ២០១០ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លើកទី២ និងលើកទី៣ក្នុងឆ្នាំ២០១៣ នៅអាសេអូ(ACO) ខេត្តកំពង់ស្ពឺ ដោយសម្រេចបានជោគជ័យជាប្រវត្តិសាស្រ្តរបស់កងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងខឿនការពារជាតិ ការធ្វើលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាពពហុសាសន៍ឆ្មាំអង្គរ២០១០លើកទី១ដែលកម្ពុជាធ្វើម្ចាស់ផ្ទះន២៦ប្រទេស ចូលរួមបានប្រព្រឹត្តទៅប្រកដោយលទ្ឋផលល្អតាមផែនការដែលបានគ្រោងទុក និងការបញ្ជូនកម្លាំងកងវិស្វកម្ម កងបោសសំអាតមីនទៅបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ ប្រទេសឆាត  ប្រទេសលីបង់បានដំណើរការដោយរលូន និងបានលើកកម្ពស់កិត្យានុភាពរបស់កងយោធពលខេមរភូមិន្ទនៅលើឆាកអន្តរជាតិដែលបង្ហាញឱ្យឃើញពីសមត្ថភាព និងប្រសិទ្ឋិភាពកងទ័ព។

សកម្មភាពហ្វឹកហ្វឺនមួយចំនួនទៀតក៏បានដំណើរការ មានលក្ខណៈជាប្រព័ន្ធគឺការហ្វឹកហ្វឺនលំហាត់ បញ្ជាការ-សេនាធិការ (លើតុខ្សាច់) នៅទិសយោធភូមិភាគទី ៣, ៤, ៥  ការហ្វឹកហ្វឺនទ័ពជំនាញរថក្រោះ-រថពាសដែក កាំភ្លើងធំផ្លោងផ្ទៃដី កាំភ្លើងការពារដែនអាកាស ជំនាញការពារគីមីសាស្រ្ត បញ្ជូនសារ វិស្វកម្ម ជាពិសេសការហ្វឹកហ្វឺនបោសសំអាតមីន និងកាកសំណល់សង្រ្គាមដែលបានរំដោះដីស្រែរាប់ម៉ឺនហិកតាជូនប្រជាពលរដ្ឋបង្កបង្កើតផល ។

ចាប់ពីឆ្នាំ២០០៦មក កម្ពុជាបានធ្វើការហ្វឹកហ្វឺនជំនាញឯកទេសថ្មីបន្ថែមទៀតគឺកងកម្លាំងប្រឆាំងភេរវកម្មឱ្យ កងពលតូចទ័ពពិសេសឆត្រយោង៩១១ កងរាជអាវុធហត្ថ ហើយមកដល់ឆ្នាំ២០០៨ ក៏បានបង្កើត បញ្ជាការដ្ឋានជាតិកងកម្លាំងពិសេសប្រឆាំងភេរវកម្ម ដើម្បីបង្កើនការពង្រឹងបន្ថែមប្រព័ន្ធការពារសន្តិសុខ ដែលពិភពលោកកំពុងមានការព្រួយបារម្មណ៍ក្នុងបណ្ដាឆ្នាំនៃដើមសតវត្សរ៍ទី២១។

៣.៨ សហប្រតិបត្តិការហ្វឹកហ្វឺន

កិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ ជាមួយបណ្ដាប្រទេសដែលបានទំនាក់ទំនងមិត្តភាពរវាងកងទ័ព និងកងទ័ពលើវិស័យជំនួយឥតចំណងក្នុងការជួយបណ្ដុះបណ្ដាលធនធានមនុស្សការធ្វើទស្សនកិច្ចរៀនសូត្រ ប្រជុំសិក្ខាសាលាបានប្រព្រឹត្តិទៅជាច្រើនលើកច្រើនសារ។ សមិទ្ធផលទាំងនេះមានតាំងពីអតីតៈកាលផង និងបច្ចុប្បន្នកាលផងបានធ្វើ ឱ្យកងយោធពលខេមរភូមិន្ទរីកចំរើនធំធាត់យ៉ាងឆាប់រហ័ស មានសមត្ថភាពរក្សាការពារសន្តិភាព ស្ថិរភាពការផ្សះផ្សារបង្រួបបង្រួមជាតិ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម។ បណ្ដាប្រទេសដែលបានជួយឧបត្ថម្ភក្នុងការងារ ហ្វឹកហ្វឺន ដូចជា អាមេរិក បារាំង អូស្រ្តាលី ចិន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី រុស្សី ជប៉ុន កូរ៉េខាងត្បូង ថៃ និងឥណ្ឌា ។